ភារៈ​យុវជន (​បទ​ពាក្យ​៧)

យើងយុវជនកម្លាំងស្នូល                       មានឈាមត្រកូលមូលសញ្ជាតិ
អ្នកសាងប្រាង្គប្រាស្នេហាជាតិ                ពូជពង្សវង្សញាតិជាតិថ្លៃថ្លា ។


យើងយុវជនពុនរែកឡើង                      ដើម្បីតម្កើងថ្កើងរដ្ឋា
រួមអភិវឌ្ឍជាតិសាសនា                         ប្ដេជ្ញាជ្រោងទង់ឱ្យរុងឫទ្ធិ ។
យើងយុវជនរួបរួមគ្នា                            ឱ្យមានប្រជាធិបតេយ្យពិត
រួមចិត្ដចុះចូលមូលគំនិត                        បូជាជីវិតជូនខេមរា ។
យើងយុវជនជនទី១                             ប្រឹងប្រែងបោះពួយឱ្យណាស់ណា
កុំពុលជ្រមុជជុចស្នេហា                        សិក្សាចប់សិនសឹមណេះណោះ ។
យើងយុវជនត្រូវពិនិត្យ                         ចរិតខ្មែរយើងល្អឥតខ្ចោះ
មានដប់មួយយ៉ាងតាងភាពស្មោះ             យើងកុំបង់បោះកាន់ឱ្យបាន ។
យើងយុវជនកុំតក់ស្លុត                         ស្មារតីមោះមុតចិត្ដហៅហាន
សុភាពរាបសាសមអង្គប្រាណ                 សន្ដានជ្រះថ្លាស្មោះភក្ដី ។
យើងយុវជនត្រូវកតញ្ញូ                          ចេះដឹងគុណគ្រូពុកម្ដាយថ្លៃ
រក្សាសីលប្រាំចាំប្រាំបី                          វៀរទុក្ខវាងភ័យពឹងធម៌អាថ៌ ៕
                                  សេក សែនកុសល

Additional information