បាតុកម្ម​នៅ​កម្ពុជា​គួរ ប្រញាប់​រក​ថ្នាំ​ព្យាបាល ឱ្យ​ហើយ​កុំឱ្យ​វា​វិវត្ដន៍​ទៅជា​ជំងឺ​សង្គម​ទាន់​ ​

     បាតុកម្មនៅកម្ពុជាដែលបានអូសបន្លាយតាំងពីក្រោយពេលប្រកាស លទ្ធផលនៃការបោះឆ្នោតកំពុងតែវិវត្ដន៍ទៅមុខជាមួយនឹងការតភ្ជាប់ពីបញ្ហា មួយទៅបញ្ហាមួយ ដូច្នេះអ្នកដែលពាក់ព័ន្ធជាពិសេស គឺអ្នកនយោបាយគួរតែ ប្រញាប់រកថ្នាំព្យាបាលវាឱ្យហើយ កុំឱ្យវាក្លាយជាជំងឺអេដស៍នៅក្នុងសង្គមបាន ។



    បាតុកម្មត្រូវបានគេអះអាងថា គឺជាជំងឺសង្គមមួយដែលកំពុងតែរីកសាយ ភាយនៅលើពិភពលោកនាសតវត្សរ៍ទី២១នេះ ដែលរហូតមកដល់ពេលនេះជំងឺនេះនៅក្នុងប្រទេសមួយចំនួនកំពុងតែរ៉ាំរ៉ៃ ហើយរកថ្នាំ ព្យាបាល នៅមិនទាន់ ឃើញនៅឡើយទេ សូម្បីតែនៅក្នុងប្រទេសជិតខាងកម្ពុជាជាពិសេសគឺប្រទេសថៃ។
    ជំងឺនេះនៅកម្ពុជាបានកើតមានឡើងជាបន្ដបន្ទាប់ ក្រោយពេលដែល កម្ពុជាប្រកាសបើកចំហប្រទេស ក្រោយកំណែទម្រង់ប្រព័ន្ធនយោបាយពីកុម្មុយ-និស្ដ មកសេរីភាវូបនីយកម្ម ជាពិសេសគឺក្រោយពីការ បោះឆ្នោតឆ្នាំ១៩៩៣ ដែលប្រទេសកម្ពុជាត្រូវបានប្រកាសជារាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញប្រកាន់ យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្ដែជំងឺនេះកើតត្រូវបានព្យាបាលកើតត្រូវបានព្យាបាលសះស្បើយជាបន្ដ បន្ទាប់ ដោយរូបមន្ដពិសបង្ក្រាបពិស (បាតុកម្មបង្ក្រាបបាតុកម្ម) ក៏មាន, ថ្នាំនៃលទ្ធិប្រជាធិបតេយ្យ (ការចរចាសម្រប សម្រួលប្រកបដោយសន្ដិភាព) ឬថ្នាំនៃហិង្សា(បង្ក្រាបដោយកម្លាំងក៏មាន ) ។ល។

          អាយុកាលនៃជំងឺបាតុកម្មនៅកម្ពុជាកាលពីពេលកន្លងមក គឺត្រូវបាន ព្យាបាលមិនជាយូរទេ ប៉ុន្ដែជំងឺបាតុកម្មនាពេលនេះបានអូសបន្លាយរៀងយូរ អង្វែងបន្ដិចហើយ ដែលគួរដល់ពេលត្រូវរកថ្នាំព្យាបាលដើម្បីកុំ ឱ្យ វារីករាល និង វិវត្ដន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬអេដស៍ទាន់ ពីព្រោះថាតែវាដល់ថ្នាក់ជំងឺអេដស៍ហើយ ពេលនោះផលប៉ះពាល់គឺគ្មាននរណាម្នាក់អាចកាត់ស្មានបាននោះទេ ។
       ជំងឺបាតុកម្មនាពេលនេះបានឆ្លងរីករាលដាល តាំងពីពេលបោះឆ្នោត ដោយ ដំបូងឈរនៅលើមូលដ្ឋានតែមួយបញ្ហាទេ គឺភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលអ្នកនយោបាយយកធ្វើជាលេសហើយវាក៏វិវត្ដន៍ភ្ជាប់ ទៅនឹងបូសដែលកំពុង តែរកមុខ គឺអយុត្ដិធម៌និងវិសមភាពនៅក្នុងសង្គម ដូចជាដីធ្លីផ្សេងៗ ហើយថ្មីៗ ក៏ទៅផ្សារភ្ជាប់នឹងបញ្ហាដ៏រសើបនៅក្នុងសង្គមមួយទៀត គឺបញ្ហាប្រាក់ខែកម្មករ ដូច្នេះបើសិនជានៅតែបន្ដបណ្ដែត បណ្ដោយឱ្យពពួកជំងឺនេះរួមផ្សំគ្នាតទៅទៀត នោះ វាអាចគ្រោះថ្នាក់សម្រាប់សង្គមបាន ។

          ស្ថានភាពនៃជំងឺបាតុកម្មនៅកម្ពុជានៅពេលនេះវាដូចជាស្ថានភាពនៃជំងឺ អេដស៍ ដែលកំពុងផ្ទុកនៅក្នុងខ្លួនមនុស្សម្នាក់ដូច្នេះដែរ ។ វាគឺជាមេរោគដែល កំពុងតែសម្ងំនៅក្នុងសង្គមនៅឡើយ ។
          នៅពេលនេះ នៅពេលដែលសុខភាពសង្គមនៅរឹងមាំ ប្រព័ន្ធការពារ សង្គមនៅមានប្រសិទ្ធភាពនៅក្នុងការប្រឆាំងទប់ទល់នឹងជំងឺឱកាសនិយមផ្សេងៗ បាននៅឡើយ ដូចជាអំពើពុករលួយអំពើអយុត្ដិធម៌នៅ ក្នុងសង្គម បញ្ហាដីធ្លី និងគម្លាតរវាងអ្នក មាននិងអ្នកក្រ ។ល។ ជំងឺឱកាសនិយមទាំងនេះគឺសុទ្ធតែជា ជំងឺដែលអាចវិវត្ដន៍ទៅជាមូលហេតុដែលអាចសម្លាប់សង្គមកម្ពុជាបាននៅពេលអនាគតប្រសិនបើប្រព័ន្ធការពារនៅក្នុង សង្គមនៅទន់ខ្សោយ ។ ដូច្នេះដើម្បី ថែរក្សាអាយុជីវិតសង្គមកម្ពុជាបាន គឺត្រូវតែពង្រឹងសុខភាពសង្គម ជាពិសេស គឺពង្រឹងប្រព័ន្ធការពារសង្គមនេះឱ្យរឹងមាំ ហើយដើម្បីឱ្យប្រព័ន្ធនេះរឹងមាំ នៅក្នុង កាលៈទេសៈនេះ  ដាច់ខាតត្រូវតែគិតវះកាត់និងព្យាបាលជំងឺឱកាសនិយមដែល លេចចេញមកជាបន្ទាន់ រួចហើយចាំរកវិធីពង្រឹងប្រព័ន្ធការពារសង្គមបន្ដទៀត ដើម្បីកុំឱ្យមេរោគនៃជំងឺនេះ ឱកាសនិយមផ្សេងៗទៀតធំធាត់មកផ្ដួលរូបរាងកាយ សង្គមយើងបាន ។

          ផលប៉ះពាល់នៃជំងឺសង្គមដែលកំពុងតែកើតមាននេះមិនតូចនោះទេ ។ ពេលនេះផលប៉ះពាល់ផ្ទាល់គឺមានតែឧស្សាហកម្មកាត់ដេរមែន តែបើវិភាគឱ្យ ជ្រៅទៅ គឺមិនមែនមានបញ្ហាតែផ្នែកឧស្សាហកម្មកាត់ដេរ មួយ ទេ គឺវិនិយោគទុន ផ្សេងៗ វិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចឯទៀតសុទ្ធតែរងនូវផលប៉ះពាល់។
          សរុបមកវិញ ដើម្បីកុំឱ្យជំងឺមួយនេះវិវត្ដន៍ទៅជាជំងឺអេដស៍នៅក្នុងសង្គម បាន អ្នកនយោបាយ អ្នកដែលពាក់ព័ន្ធត្រូវប្រញាប់នាំគ្នាដោះស្រាយឱ្យហើយ ។ អ្នកដែលពាក់ព័ន្ធ ជាពិសេសគឺអ្នកនយោបាយ ដែលជាតួអង្គសំខាន់គួរតែអង្គុយ ជជែកគ្នារកដំណោះស្រាយ កុំឱបដៃដាក់គ្នាចាំមើលនិងចាំកេងចំណេញដូចជា នៅក្នុងពេលបច្ចុប្បន្ននេះ៕ ពិស្ដារ

Additional information