ប្រយ័ត្ន​ថ្ងៃ​ណា​ភ្លើង​ឆេះ​ធំ​នៅ​ក្រុងភ្នំពេញ​ ​

    យប់មិញ(ថ្ងៃទី២៥សីហា ឆ្នាំ ២០១៣)នៅទីក្រុងភ្នំពេញមានអគ្គិភ័យ បានកើតឡើងយ៉ាងតិចចំនួន៣កន្លែង ជាបន្ដបន្ទាប់គ្នា ។ ម៉ោង៥និង៤០នាទី ល្ងាច អគ្គិភ័យមួយបានកើតឡើងនៅផ្ទះលក់សាំងធំមួយកន្លែង (ដែល អ្នកផង ស្គាល់ជាទូទៅថាលក់ថោក) នៅលើផ្លូវ ៣១៨ កាច់ជ្រុងជិតអតីតរង្គសាលយូធូ  ខណ្ឌចំការមន។ ម៉ោង៦និង១០ នាទី អគ្គិភ័យមួយទៀតបានកើតនៅ ក្នុងសណ្ឋាគារជូលីណា (កន្លែងហូបអាហារប៊ូហ្វេ)។ ម៉ោងជិត ៧យប់អគ្គិភ័យ មួយទៀតក៏បានកើតឡើងដែរទៅលើ ផ្ទះល្វែងមួយស្ថិតនៅក្នុងប្លុកបុរីកីឡាជិត ខណ្ឌ៧មករា ។



    អគ្គិភ័យទាំងបីកន្លែងនេះមាន តែអគ្គិភ័យទីមួយទេដែលគ្រោះថ្នាក់ ជាងគេ ព្រោះទីនោះគឺជាផ្ទះលក់សាំង ដ៏ធំមួយនៅទីក្រុងភ្នំពេញ ដែលមានស្ដុក ធុងសាំងតម្រៀបជួរគ្នានិងមិនមានប្រព័ន្ធការពារច្បាស់លាស់ ឬគ្មាន តែម្ដង។ អគ្គិភ័យបានកើតឡើងដោយសារតែការ ធ្វេសប្រហែសរបស់ជាងផ្សារដែក ។ ពេលនោះមានកម្ទេចភ្លើងផ្សារដែកបាន ធ្លាក់មកក្រោមក៏បានឆាបឆេះទៅលើ ទុយោបូមប្រេងបង្កជាអណ្ដាតភ្លើងនៅក្បែររថយន្ដមួយគ្រឿង កំពុងបូមប្រេង ចូលស្ដុករបស់ផ្ទះលក់សាំងនោះ ។ ក្នុង ហេតុការណ៍នេះផ្ទះលក់សាំងនោះមិន មានបំពង់ពន្លត់អគ្គិភ័យគ្រប់គ្រាន់ឡើយ។ អ្នកជិតខាង(ហាងលក់ហ្គាសនៅជិត នោះ)ឃើញគ្រោះថ្នាក់នោះ ក៏បាននាំយកបំពង់ពន្លត់ អគ្គិភ័យធំៗមកជួយ ពន្លត់បានទាន់ពេលវេលា។

    ថ្លែងពីអ្នកជិតខាង ពេលឃើញ ហេតុការណ៍នេះកើតឡើងនាំគ្នាព្រលឹង ចុងសក់គ្រប់គ្នា ចង់រត់ក៏មិនដឹងរត់ទៅ ណា! ឈរមើលអណ្ដាតភ្លើងទាំងស្លន់ ស្លោ ព្រោះផ្ទះនេះជាផ្ទះលក់សាំងដ៏ មមាញឹកបំផុតនៅទីក្រុងភ្នំពេញ មាន ស្ដុកធុងសាំងតម្រៀបគ្នានៅក្នុងផ្ទះតូច ចង្អៀតមានស្ដុកនៅក្រោមដីទៀត ហើយ ពេលកំពុងតែកើតហេតុនោះ មានឡាន ប្រេងដ៏ធំមួយកំពុងចំតិតបូមប្រេងចូល ទៀត...ចុះបើពន្លត់មិនទាន់ តើអ្វីនឹង កើតឡើងវាមិនបង្កជាភ្លើង ឆេះកាល នៅកណ្ដាលទីក្រុងភ្នំពេញទេឬ?។ វាជា រឿងគ្រោះថ្នាក់ធំណាស់នៅពេលកន្លែង ចាក់សាំងដ៏មមាញឹកមួយហើយមិនមាន ប្រព័ន្ធការពារច្បាស់លាស់ ឬមិនមាន តែម្ដង ។

    អ្នកជិតខាងកំពុងដាក់ពាក្យ បណ្ដឹងតបតចំពោះហេតុការណ៍នេះ ។ អាជ្ញាធរមូលដ្ឋាន រួមទាំងមន្ដ្រីគយផង ទំនងមានការពាក់ព័ន្ធនឹងការបណ្ដែត បណ្ដោយឱ្យទីនេះជាកន្លែងធ្វើអាជីវកម្ម យ៉ាងមមាញឹក ហើយមិនមាន ប្រព័ន្ធ ការពារសុវត្ថិភាពច្បាស់លាស់ឬគ្មានតែ ម្ដង ។ គេបានឃើញទាំងមន្ដ្រីអាជ្ញាធរ មូលដ្ឋាន និងមន្ដ្រីគយចេញចូលជា ញយៗ ។ ដូច្នេះរឿងនេះ!ឆ្នាំ២០១៤ ជិតដល់ហើយ!រដ្ឋាភិបាលថ្មីក៏នឹងចេញ រូបរាងក្នុងពេលឆាប់ៗដែរ យ៉ាងម៉េចក៏ បណ្ដោយឱ្យនៅមានស្ថានីយចាក់សាំង រខេករខាកនិងមិនមានប្រព័ន្ធការពារ សុវត្ថិភាពអ៊‌ីចឹងបន្ដអាជីវកម្មកណ្ដាល ក្រុងតទៀតបាន ។

    គួរតែមានការរៀបចំ និងកែប្រែទីអាជីវកម្មនេះឱ្យមានស្ដង់ដារ ត្រឹមត្រូវប្រសិនណាចង់ឱ្យបន្ដធ្វើ អាជីវកម្ម ។ បើមិនអ៊‌ីចឹងទេ ថ្ងៃណាមួយ នឹងមានភ្លើងឆេះធំនៅក្រុងភ្នំពេញជាក់មិនខាន៕ នាយស្មាន់

Additional information