អ្វី​កើតឡើង​ពេល​មាន​មហា​បាតុកម្ម​ ​

    ទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី នៅតែបន្ដ "ពន្យុះ" ឬ "បង្កើនកំហឹង" ដោយអំពាវនាវត្រង់ៗឱ្យ "ប្ដូរមេដឹកនាំ" បើទោះជាលទ្ធផលបោះឆ្នោតបានប្រាប់ ជាបឋមថា អ្នកគាំទ្រ "ហ៊ុន សែន" មានច្រើនល្មមគ្រប់ បង្កើតរដ្ឋាភិបាលក៏ដោយ ចុះ។ សាររបស់លោកសមរង្ស៊ី តាមហ្វេសប៊ុកនៅតែមានភាព "គឃ្លើន" បើទោះជា មហាក្សត្រ បានចេញព្រះរាជសារឱ្យគណបក្សនយោបាយរកដំណោះស្រាយ ដោយសន្ដិវិធីក្ដី ។
    ចំពោះមុខឧបាយកលនេះ សំណួរបានចោទឡើងថា បើមានការប្រមូលផ្ដុំ ឱ្យធ្វើបាតុកម្មដោយលោកសម រង្ស៊ី មែននោះ  អ្វីកើតឡើងពេល...តើយើងគួរចូលរួមដែរឬទេ? ពិតហើយសំណួរនេះមិនបាច់សួរអ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជាទេព្រោះពួកគាត់នឹងមិនចូលរួមឡើយប៉ុន្ដែត្រូវសួរអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិវិញ។



    តើបាតុកម្មនោះស្របច្បាប់ទេ? បាតុកម្មកើតឡើងដោយសំអាងថា ចង់ប្ដូរ មេដឹកនាំ ដូច្នេះប្រាកដណាស់ហើយថាគឺខុសច្បាប់ ។
    ការប្ដូរមេដឹកនាំ អាចធ្វើទៅបាន ដោយសារការបោះឆ្នោត បើមិនដូច្នេះទេ គឺប្រើកម្លាំងតាមរដ្ឋប្រហារ ឬប្រើពលរដ្ឋធ្វើបាតុកម្មពីអហិង្សាឈានទៅហិង្សា (កម្លាំងពលរដ្ឋ) ។
    ដូចបានជម្រាបខាងលើរួចហើយថា ការបោះឆ្នោតបានប្រាប់ថា សម្ដេច ហ៊ុនសែន ត្រូវនៅជានាយករដ្ឋមន្ដ្រី៥ឆ្នាំទៀត នេះជាអ្វីដែលប្រជាធិបតេយ្យបាន ប្រាប់ បានន័យថា ប្រជាធិបតេយ្យមិនអាចប្ដូរសម្ដេចហ៊ុន សែន បានទេ ។

    ចុះកម្លាំងរដ្ឋប្រហារ ? គឺរឹតតែមិនអាចទៅទៀត ហើយរឿងនេះពុំចាំបាច់ ពន្យល់ច្រើនឡើយ នរណាក៏ដឹងដែរ ។ លោកសម រង្ស៊ី នៅសង្ឃឹមតែលើកម្លាំង ពលរដ្ឋតែប៉ុណ្ណោះ ហេតុនេះទើបហ្វេសប៊ុកគាត់នៅតែ "ពន្យុះ"ឱ្យប្ដូរមេដឹកនាំកើន ឡើងជាលំដាប់ ។
    សម្រាប់ខ្លួនយើងម្នាក់ៗ មុននឹងសម្រេចចិត្ដចូលរួមបាតុកម្មជាមួយលោក សម រង្ស៊ី ត្រូវសួរនូវសំណួរមួយចំនួន:ទីមួយតើបាតុកម្មនោះធានាបានសុវត្ថិភាព ជូនបាតុករដែរឬទេ? ពិតណាស់ពេលនោះ "ទឹកល្អក់យ៉ាងខ្លាំង" គ្មាននរណា ដឹងថាត្រីណាទៅទិសណាទេ ។ បើមានអ្វីអាក្រក់កើតឡើង ដោយជនអនាមិក (ភាគីទី៣)នោះ គណបក្សសង្គ្រោះជាតិនឹងឆ្លើយដាក់រាជរដ្ឋាភិបាលថាមិនការពារ ពួកខ្លួន ឯរាជរដ្ឋាភិបាលប្រាកដជាបន្ទោសអ្នកដឹកនាំបាតុ កម្មពីការមិនអាច ត្រួតត្រាស្ថានការណ៍បាន...អ្នករងគ្រោះគឺបាតុករ...បន្ទាប់មកបើរឿងមិនអាក្រក់ ពេកទេ នឹងមានការចរចាគ្នា ហើយអ្នករងគ្រោះនឹងក្លាយជារឿងអតីតកាល ។

    ទីពីរ គឺបាតុកម្មកើតឡើង...រួចអូសបន្លាយ...រួចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ។ ដោយប្រាកដនិយមទៅ ពេលនោះអាចថាកម្ពុជាថយចំនួនអ្នកទេសចរ ថយការផលិត ថយការនាំចេញ...ពោលគឺថយទាំងអស់ ឯអ្នកប៉ះពាល់ធ្ងន់ធ្ងរ ជាងគេគឺអ្នកដែលរកទទួលទានមួយថ្ងៃរស់មួយថ្ងៃ បន្ទាប់មកពួកអ្នកវណ្ណៈកណ្ដាលក៏មិនរួចខ្លួនដែរ ។ កន្លងមកមានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ថៃធ្វើបាតុកម្ម ធំៗរាប់មិនអស់ ហេតុអ្វីក៏ថៃមិនអី ។ អត្ថាធិប្បាយ បែបនេះ គឺមិនត្រឹមត្រូវទេ ការពិតបាតុកម្មបានពង្រេចពង្រឹលខឿនសេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ ច្រើនជាង ភេរវកម្មនៅភាគខាងត្បូងប្រទេសទៅទៀត ។ ... បន្ទាប់មកក្នុងខណៈមួយនោះ ពួកអ្នកនយោបាយនឹងចរចាគ្នា ហើយវីរជន បាតុកម្មទាំងឡាយនឹងត្រូវគេបំភ្លេច ចោល រួចក្លាយជារឿងអតីតកាល ។

    ទីបី គណបក្សកាន់អំណាចមិនមែនបាត់បង់ការគាំទ្រទាំងស្រុងទេ គ្រាន់តែ ថយចុះសំឡេងគាំទ្រប៉ុណ្ណោះ ដូច្នេះបើគេប្រើវិធី "ពិសទល់ពិស" តើមហាបាតុកម្ម របស់លោកសម រង្ស៊ី នឹងទៅជាបែបណា? ... ព័ត៌មានខាង ក្នុងគណបក្សកាន់ អំណាចបង្ហើបថា "វិធានការពិសទល់ពិស" មិនមែនជាជម្រើសរបស់គណបក្ស ប្រជាជនកម្ពុជាទេ ប៉ុន្ដែចុះប្រសិនបើគណបក្សប្រជាជនឆ្លងផុតព្រំដែននៃការអត់ ធ្មត់របស់គេ តើអ្វីនឹងកើតមាននោះគឺការបង្ហូរ ឈាមដោយសារតែនយោបាយ "មហាបាតុកម្ម"របស់លោកសម រង្ស៊ី ។ កម្រិតធ្ងន់ធ្ងរនៃជម្រើសនេះគឺ"សង្គ្រាម ស៊ីវិល" រួចប្រវត្ដិសាស្ដ្រដដែលនឹងផ្ដន្ទាទោសរាស្ដ្រខ្មែរ ។

    ទោះជាលើជ្រុងណាក៏ដោយ បាតុកម្មជាជម្រើសដ៏អាក្រក់បំផុតនៃប្រជាធិបតេយ្យ ហើយក្នុងសង្គមទំនើបនេះបើវាឆ្លងព្រំដែនតែបន្ដិច វានឹងក្លាយជា ឧបករណ៍នៃលទ្ធិភេរវកម្មនិយម ។
    កាលពីថ្ងៃ២៨កក្កដា លោកអ្នកបានដាក់សន្លឹកឆ្នោតចូលហិបឆ្នោត សម្រាប់ជាថ្នូរកុំឱ្យមានការកាន់អំណាចតាមបែបដណ្ដើមឆក់ប្លន់ ។ ឥឡូវនេះគេ តម្រូវឱ្យលោកអ្នកបូជាខ្លួនរបស់លោកអ្នក ដើម្បីអំណាចរបស់គេដែលមិនទាន់  បាន ដោយការធ្វើ"មហាបាតុកម្ម" ។ បើគ្មានការចូលរួមរបស់លោកអ្នកទេ មហិច្ឆតានេះនឹងបរាជ័យ ហេតុនេះពេលនេះការសម្រេចចិត្ដរបស់លោកអ្នកថា ចូលរួម ឬមិនចូលរួមគឺសំខាន់ណាស់៕    ប.សីហា

Additional information