អ្នកនយោបាយ​ចូល​វត្ដ​ ​

    វត្ដគឺជាចំណុចកណ្ដាលនៃសហគមន៍មួយ ហើយឧបាសក ឧបាសិកាដែល ជាពុទ្ធបរិស័ទចំណុះជើងវត្ដគឺជាសមាជិកនៃសហគមន៍នោះ ។ពុទ្ធបរិស័ទចំណុះជើង វត្ដអាចជាអ្នកនៅជុំវិញវត្ដ ឬអ្នកមកពីទីឆ្ងាយដែល ទៅកាន់វត្ដដោយសារទម្លាប់របស់ដូនតាខ្លួនឬអាចដោយសារខ្លួនមានជំនឿទៅលើភាព សក្ដិសិទ្ធិនៃវត្ដ ឬជំនឿលើការទូន្មាន របស់សង្ឃអង្គណាមួយនោះដែលគង់ក្នុងវត្ដ ។



    តាមរបាយការណ៍របស់ក្រសួងធម្មការនិងកិច្ចការសាសនា នៅទូទាំង ប្រទេសកម្ពុជាមានវត្ដចំនួន ៤.៥៣៣ មានន័យថាមានសហគមន៍ចំនួន៤.៥៣៣ បាននិង កំពុងស្ថិតស្ថេរនៅកម្ពុជា ដែលអ្នកនយោបាយមិនអាចមើលរំលងបាន  ឡើយ ។ វាមិនគ្រាន់តែជាបញ្ហានៃជំនឿនោះទេ ប៉ុន្ដែវាជាបញ្ហានៃនយោបាយ កៀរគរកម្លាំងផងដែរ ។

    ពិតណាស់ថា សហគមន៍វត្ដមិនមែនជាសមាសធាតុរលាយសាច់មួយនោះ ឡើយ ជួនកាលអ្នកចំណុះជើងវត្ដម្នាក់នេះមិនសូវត្រូវរ៉ូវគ្នាជាមួយអ្នកជើងវត្ដម្នាក់ ទៀត ទោះជាយ៉ាងណាក៏ដោយចុះ ព្រះសង្ឃគឺជាស៊ីម៉ងត៍ដែលផ្សារស្នាម ទាំងឡាយនោះ បង្កើតជាសាមគ្គីភាពដ៏ខ្លាំងក្លាមួយ ។
    មានអ្នកខ្លះរិះគន់ថា ជុំវិញវត្ដមានផ្ទះអ្នកស្រុកមិនជាឆើតឆាយ ឬខ្លះនៅជា ខ្ទមទៀតផង តែវិហារ កុដិក្នុងវត្ដគឺស្កឹមស្កៃហួសពីការស្មាន ។ អ្នករិះគន់នោះអាច មានការភាន់ច្រឡំ ឬមានចេតនាធ្វើជាភាន់ច្រឡំ តាមពិតទៅភាពស្កឹមស្កៃនោះគឺជា ផលនៃការរួមចំណែករបស់អ្នកចំណុះជើងវត្ដ ឬសប្បុរសជនដ៏ស្ដុកស្ដម្ភណាមួយ គឺមិនមែនជាផលនៃការកេងប្រវ័ញ្ចពីពុទ្ធបរិស័ទចំណុះជើងវត្ដនោះឡើយ ។

    នៅវត្ដខ្លះជួនកាលគេត្រូវហែកឋិន ៤-៥ឆ្នាំ បូកនឹងការហែបុណ្យផ្កា៥-៦ ដងទៀត ទើបសង់បានកុដិមួយ ឬព្រះវិហារមួយ ហោត្រៃមួយ ឬសាលាឆាន់មួយ។
    ប្រការដែលគួរឱ្យកត់សម្គាល់ គឺបុណ្យទាំងឡាយខាងលើ គឺជាផលនៃការ ចលនាមនុស្សគ្រប់ស្រទាប់ ឬនិយាយម្យ៉ាងទៀតគឺជាផលនៃនយោបាយមហាជន។
    អ្នកវិភាគឯករាជ្យម្នាក់និយាយថា ៤-៥អាណត្ដិកន្លងមកនេះ គេស្ទើរតែ អាចនិយាយបានថា "ពុំមានបុណ្យកឋិន ឬបុណ្យផ្កា"របស់អ្នកនយោបាយប្រឆាំង ទាល់តែសោះពួកគាត់ហាក់ដូចជាបានបោះបង់ចោល"សហគមន៍វត្ដ"មិនរវីរវល់ខណៈ ដែលអ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជាបានចូលរួមយ៉ាងរស់រវើកជាប់លាប់  ដោយហែផ្កា ហែកឋិន ហែទៀនវស្សា កាត់ឫសសីមា បញ្ចុះបឋមសិលា ... ។

    នេះជាប្រៀបដ៏លេចធ្លោបំផុតមួយ ក្នុងចំណោមប្រៀបជាច្រើនទៀតដែល គណបក្សប្រជាជនកម្ពុជាមានលើសហួសគណបក្សប្រឆាំង ។ វាជាប្រការមួយ ដែល អ្នកផងរិះគន់សមាជិកបក្សប្រឆាំង ព្រោះថាទង្វើនេះមិនចាំបាច់ទាល់តែនៅ ក្នុងអំណាចទើបធ្វើបាននោះឡើយ ។ ស្ដ្រីចំណាស់ម្នាក់អាចចូលរួមបានដោយរីករាយជាមួយ នឹងលទ្ធភាពតាមសទ្ធារបស់ខ្លួន ។ ស្រីក្មេងៗជាច្រើនដែលបម្រើ ការជាអ្នកឃោសនាស្រាបៀរ ឬរត់បម្រើតុតាមភោជនីយដ្ឋានបានស្កាត់ទៅកាន់ទី ដែលគេមានបុណ្យបញ្ចុះសីមា ដើម្បី"សុំអំបោះសីមា"មកពាក់នឹងកដៃសុំសេចក្ដី សុខ ហើយវត្ដណាដែលកាន់តែល្បីមនុស្សទៅកាន់តែច្រើន ។

    ពិតណាស់ផលនេះបានផ្ដល់នៅពេលបោះឆ្នោតៈ អ្នកភូមិនឹងបោះឆ្នោតឱ្យ អ្នកដែលហែកឋិន ហែផ្កា ឬហែទៀនវស្សាចូលវត្ដគាត់ ហើយមិនមែនគ្រាន់តែ ដោយសារអំណោយសារុងមួយ និងប្រាក់មួយម៉ឺនរៀលនោះឡើយ ។
    ប្រសិនបើអ្នកជាអ្នកនយោបាយនៅប្រទេសដែលកាន់សាសនាមូស្លឹម ឬ សាសនាគ្រិស្ដ ហើយអ្នកមិនចូលវិហារ អ្នកមិនបួសនៅពេលតម ... សូមអ្នកកុំសង្ឃឹម ឱ្យសោះថា អ្នកទទួលបានការគាំទ្រឱ្យចូលរដ្ឋសភា ឬធ្វើប្រធានាធិបតី ។ ព្រះពុទ្ធសាសនាខ្មែរមិនប្រកាន់តឹងហួសហេតុពេកទេ, ប៉ុន្ដែព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើង វត្ដនីមួយៗសុទ្ធតែដឹងថា "អ្នកនយោបាយណាខ្លះដែលមិនដែលថ្វាយ បង្គំព្រះនៅវត្ដ" មិនដែលសូម្បីតែធ្វើបុណ្យរួមជាមួយអ្នកដទៃកុំថាឡើយដល់ទៅចាត់ចែងបុណ្យផ្កា មួយម្នាក់ឯង ។

    បោះបង់ មើលរំលងករណីយកិច្ចជាពុទ្ធសាសនិក ដូចបានពោលខាងលើ របស់អ្នកដឹកនាំនយោបាយ បានន័យថា បានបោះបង់ ឬមើលរំលងសហគមន៍វត្ដ រាប់ពាន់នៅក្នុងប្រទេសកម្ពុជា ។
    សម្ដេចតេជោហ៊ុន សែន និងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនមិនបោះបង់ ចំណុចពិសេសនេះឡើយ ម្យ៉ាងដោយសារតែការវាងវៃខាងនយោបាយរបស់ពួក គាត់ និងពិសេសនោះគឺដោយសារឈាមជ័រគាត់ជាអ្នកជឿព្រះពុទ្ធសាសនា ។ មិន ត្រឹមតែប៉ុណ្ណោះទេ សហគមន៍នៅជុំវិញព្រះវិហារអ៊‌ិស្លាមនានាក៏ត្រូវបានយកចិត្ដ ទុកដាក់ខ្ពស់ដែរ ។
    តើធ្វើនយោបាយក្នុងប្រទេស ដែលប្រជាជនកាន់ព្រះពុទ្ធសាសនាជាង៩០ ភាគរយយ៉ាងដូចម្ដេចកើត បើសូម្បីតែឆ្លងភ្ជុំ ឬបុណ្យវិសាខបូជាអ្នកមិនដែលចូល រួមជាមួយមហាជនផងនោះ ៕ ប.សីហា

Additional information