យុវជន​ជំនាន់​ក្រោយ ច្រើនតែ​ចាកចេញ​ពី​ស្រុកភូមិ​ ​

    នៅពេលប្រទេសជាតិកាន់តែរីកចម្រើនពេលនោះ នៅតាមភូមិឃុំទីជនបទ ស្រុកស្រែចម្ការ យុវជនទាំងស្រីនិងទាំងប្រុស ស្ទើរតែទាំងអស់ ក៏មិនបានបន្ដប្រកបមុខរបររកស៊ី ឬក៏ធ្វើស្រែចម្ការតពីឪពុកម្ដាយនៅឯស្រុក កំណើតទៀត ឡើយ ។



    យុវជនសម័យថ្មីនេះ ទោះជាត្រូវបន្ដការសិក្សារៀនសូត្រ ដើម្បីធ្វើការក្នុងការិយាល័យ ឬក៏ធ្វើជាកម្មករស៊ីឈ្នួលតាមផ្ទះ និងត្រូវធ្វើជាកម្មករ កាត់ដេរ ជាដើម ក៏ពួកគេមិនសុខចិត្ដបន្ដរស់នៅឯស្រុកកំណើតដូចចាស់ៗ សម័យដើមទេ ។ ប៉ុន្ដែចំណាកស្រុកជាចរន្ដសកលដែលគេមិនអាចទប់ស្កាត់ឡើយ ។

    មានមូលហេតុច្រើនយ៉ាង ដែលនាំឱ្យយុវវ័យនៅតាមស្រុកស្រែចម្ការ ទីជនបទ ដែលកើតក្រោយសម័យខ្មែរក្រហម ខំប្រឹងស្រវេស្រវាចាកចេញពី ស្រុកកំណើត។
    បើគ្រួសារណាដែលមានលទ្ធភាពធូរធារ យុវជនក្នុងត្រកូលនោះ ក៏បាន បន្ដការសិក្សានៅទីក្រុងភ្នំពេញ ឬក៏នៅទីរួមខេត្ដ ដើម្បីអ្វីដែលរំពឹងថា នឹងទទួល បានការងារធ្វើនៅក្នុងការិយាល័យម៉ាស៊ីនត្រជាក់នៅថ្ងៃខាងមុខ។ យុវជនជំពូក នេះ កាលណារៀនចប់ មានការងារធ្វើ ពួកគេនឹងមិនវិលត្រឡប់ទៅរស់នៅឯភូមិ កំណើតវិញឡើយ ។

    រីឯយុវជនខ្លះទៀត ដែលកើតក្នុងត្រកូលគ្រួសារអ្នកមានជីវភាពខ្វះខាត ក៏ពួកគេប្រឹងប្រែងចាកចេញពីស្រុកកំណើត ដើម្បីមកធ្វើការងារចិញ្ចឹមជីវិតនៅឯ ទីក្រុង ។ អ្នកខ្លះមកធ្វើជាកម្មករកាត់ដេរ, កម្មករស៊ីឈ្នួលតាមហាង, ភោជនីយដ្ឋាននានា, ធ្វើជាជាងសំណង់, ជាងដែក និងជាងឡានជាដើម។ យុវជនទាំងនេះ គិតគូរធ្វើយ៉ាងណាឱ្យតែមានការងារធ្វើ ហើយបានចេញពីស្រុកកំណើត ។ យុវជនខ្លះទៀតចេញពីស្រុកកំណើតតាមគ្នីគ្នា ។ តែអ្នកខ្លះក៏មាន ចិត្ដនឹកខ្មាសអៀន មិត្ដភក្ដិដែលមកភ្នំពេញ ពួកគេក៏បានចាកចេញពីផ្ទះកំណើតនឹងគេដែរ ។

    មានកត្ដាមួយទៀត ដែលនាំឱ្យយុវជនស្រករក្រោយចេញពីភូមិកំណើត។ នោះគឺនៅភូមិស្រុកមិនមានការងារអ្វីធ្វើក្រៅតែពីការបន្ដការងារពីឪពុកម្ដាយ ដូនតា ដូចជាធ្វើស្រែចម្ការ ឃ្វាលគោក្របីកណ្ដាលភ្លៀងផ្គរ និងក្រោម កម្ដៅថ្ងៃ។
    ចំណាកស្រុកចេញពីភូមិកំណើតរបស់ក្រុមយុវវ័យ ជាអ្នកដែលរៀន ចេះចប់ មានជំនាញ ក៏បានស្វែងរកអនាគតភ្លឺស្វាង កសាងក្រុមគ្រួសារនៅទឹកដីថ្មី។ យុវជនខ្លះទៀតដែលមានសំណាងជួបប្រទះនឹងការងារ និងរៀនចាំ ចេះជំនាញ ក៏រកបានចំណូលបានទាំងចិញ្ចឹមខ្លួនឯងផង និងស់ល់លុយកាក់ខ្លះសន្សំផ្ញើទៅផ្ទះ ក៏មានដែរ ។

    យ៉ាងណាក៏ដោយ នៅឯភូមិកំណើតតាមទីជនបទវិញ នៅពេលក្រុម យុវវ័យចាកចេញអស់នោះ ក៏បានប្រែជាសភាពស្ងាត់ជ្រងំ ។ ឪពុកម្ដាយមិនមាន អ្នកជំនួសដៃជើង ហើយពេលខ្លះទៀតកូនចៅដែលបានចាកចេញទៅ ហើយ មានអ្នកខ្លះរហូតដល់ឈានទៅឆ្លងដែនរកការងារធ្វើ ដោយស្របច្បាប់ និង មិនស្របច្បាប់នៅក្រៅប្រទេស ទាំងផ្សងព្រេង ប្រថុយប្រថាននោះ ។ ចំណាកស្រុកទៅក្រៅប្រទេស ក៏ជួបប្រទះនឹងបញ្ហាជាច្រើនទៀត មានជាអាទិ៍ ត្រូវគេ បោកប្រាស់, សប្បាយភ្លេចខ្លួន ធ្លាក់ខ្លួនឈឺ ឬក៏របួស, ធ្លាក់ខ្លួនពិការ ក៏ត្រូវវិល ត្រឡប់ទៅស្រុកកំណើតបន្ថែមបន្ទុកមួយទៀតដល់ក្រុមគ្រួសារ ត្បិតអីកាលពីនៅ ពេញកម្លាំង យុវជនចេញមកធ្វើការនៅក្រៅស្រុកភាគច្រើនចំណូល របស់ពួកគេ បានត្រឹមតែមួយគ្រប់ៗទៅនឹងការចំណាយប្រចាំថ្ងៃប៉ុណ្ណោះ ។

    សរុបមក គេមិនអាចហាមឃាត់យុវវ័យ មិនឱ្យចាកចោលស្រុកកំណើត ដើម្បីស្វែងរកការងារធ្វើ ឬក៏បន្ដការសិក្សានៅទីក្រុង ឬទីប្រជុំជននោះទេ។  តែសំខាន់ យុវវ័យខ្លួនឯងត្រូវតែគិតគូរឱ្យបានវែងឆ្ងាយ កុំតាមគ្នា ព្រោះអីការ ចាកចោលផ្ទះសម្បែងនៅស្រុកកំណើតមករកការងារធ្វើនៅទីក្រុង ធ្វើជាកម្មករ កាត់ដេរ ឬក៏ជាអ្នកស៊ីឈ្នួលរត់តុគុយទាវជាដើមនោះ ចំណូលបានត្រឹមតែមួយ រស់ៗ ព្រោះពួកគេត្រូវចំណាយច្រើនលើថ្លៃឈ្នួលផ្ទះស្នាក់នៅ និងថ្លៃសម្លៀក បំពាក់ ព្រមទាំងការចាយវាយប្រចាំថ្ងៃ។ល។ និង។ល។

    នៅពេលវេលាណាមួយ យុវជនទាំងនោះនឹងវិលត្រឡប់ទៅស្រុកកំណើត វិញ ហើយមានអ្នកខ្លះនាំទាំងជំងឺជាប់នឹងខ្លួន ដែលជាការបន្ថែមបន្ទុកមួយទៀត ដល់គ្រួសារ។
          ដូច្នេះគប្បីតែយុវជនដែលស្វែងរកការងារធ្វើដោយប្រើកម្លាំង គួរតែរក ការងារធ្វើដើម្បីចិញ្ចឹមជីវិតនៅស្រុកកំណើត ឬក៏បន្ដវេនមុខរបររបស់ឪពុកម្ដាយ នៅឯភូមិស្រុក ជាជាងប្រថុយប្រថានមកធ្វើការឆ្ងាយពីផ្ទះ ។ ដូច ពាក្យ ចាស់ លោកថា “ជួញជិត ជាជាងជួញឆ្ងាយ” ។

    ដើម្បីទប់រលករបស់យុវជន កុំឱ្យចាកចោលស្រុកកំណើតទៅបាន ក៏វា ទាល់តែរដ្ឋាភិបាលជួយបង្កើតការងារឱ្យបានកាន់តែច្រើននៅជនបទតាមរយៈនៃការរៀបចំឱ្យមានប្រព័ន្ធប្រឡាយទឹកគ្រប់គ្រាន់ ដើម្បីឱ្យប្រជាកសិករ ធ្វើកសិកម្ម។ ម្យ៉ាងទៀត បើសិនជារដ្ឋាភិបាលបង្កើតឱ្យមានឧស្សាហកម្ម ឬសិប្បកម្មនានា ពិសេសឧស្សាហកម្មខ្នាតតូចនៅតាមភូមិស្រុក នោះក្រុមយុវជននឹងមិនចាំបាច់រត់ ទៅរកការងារនៅភ្នំពេញ ឬក៏ឆ្លងដែនទៅក្រៅប្រទេសទៀត ឡើយ ។ ប៉ុន្ដែជាមួយ គ្នានេះ កសិករខ្លួនឯង ពិសេសយុវវ័យផ្ទាល់ត្រូវតែឧស្សាហ៍ព្យាយាម និងប្រឹងប្រែងចំពោះការងារនៅជិតផ្ទះសម្បែងផងដែរ ។

     គួរមានទស្សនៈថា ធ្វើការជិតផ្ទះ វាប្រសើរជាងការធ្វើចំណាកស្រុកបើមិនចាំទេ ។ ការធ្វើចំណាកស្រុក មិនមែនជាស្ដាយ (Style) ដែលយុវជនគ្រប់រូបនៅជនបទ ត្រូវតែធ្វើទៅតាមគ្នា ដោយមិនបានត្រិះរិះនោះទេ ។ សុភាសិតខ្មែរមួយបានពោលថា“ជួញជិតជាជាង ជួញឆ្ងាយ”។ដោយឡែកសុភាសិតចិនមួយបានពោលដែរថា “ធ្វើបុណ្យជិតផ្ទះ ប្រសើរជាងទៅធ្វើបុណ្យនៅស្រុកឆ្ងាយ” ៕ ម៉េងឆៃ

Additional information